ពន្យារពេលទៀតលែងបាន រឿងតួ កុំកុំ “Mulan” នឹងបញ្ចាំងអនឡាញ

នៅតំបន់មួយចំនួន ផលិតកម្ម Walt Disney កាលពីថ្ងៃ៤ ខែសីហាបានប្រកាសឲ្យដឹងអំពីផែនការចាក់បញ្ចាំងខ្សែភាពយន្ត Mulan ដែលនឹងមានចាក់បញ្ចាំងតាមរោងកុនផង និងចាក់បញ្ចាំងតាមសេវាកម្ម Disney+ ផង ចាប់ពីដើមខែកញ្ញាតទៅ។ ការសម្រេចធ្វើបែបនេះក៏ព្រោះតែមិនច្បាស់លាស់ពីការបើកដំណើរការឡើងវិញនូវរោងភាពយន្តក្នុងសហរដ្ឋអាមេរិក ដែលបានបិទតាំងពីពាក់កណ្ដាលខែមីនា ព្រោះជំងឺកូវីដ១៩ ដែលធ្វើឲ្យភាពយន្តដ៏ធំប្រចាំឆ្នាំមួយនេះត្រូវលើកពេលចាក់បញ្ចាំងម្ដងហើយម្ដងទៀត។

ខ្សែភាពយន្ត Mulan ដែលសម្ដែងតួឯកដោយតារាស្រីចិន Liu Yifei (លីវ អ៊ីហ្វិយ) នឹងមានដាក់លក់ក្នុងតម្លៃ ៣០ដុល្លារ សម្រាប់ទស្សនិកជនជាវទស្សនា លើសេវាកម្ម Disney+ ចំពោះទីផ្សារសហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសអូស្ត្រាលី និងផ្នែកខ្លះនៃតំបន់អឺរ៉ុបខាងលិច។ 


ខ្សែភាពយន្តដែលចំណាយទុនផលិតអស់ខ្ទង់ ២០០លានដុល្លារនេះដែរ ក៏នឹងចាប់ផ្ដើមចាក់បញ្ចាំងចាប់ពីថ្ងៃទី៤ ខែកញ្ញាតទៅ សម្រាប់តំបន់ដែលមិនទាន់មានសេវាកម្ម Disney+ ប្រើប្រាស់ និងមានរោងកុនដែលបានបើកដំណើរការ៕